
ក្រសួងការបរទេសថៃនៅថ្ងៃទី០៥ខែធ្នូឆ្នាំ២០០៨នេះបានប្រកាសផ្អាកកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងធ្វើនៅខេត្តឈៀងម៉ៃនៅថ្ងៃទី១៤ខែធ្នូនេះដោយសារតែវិបត្តិនយោបាយនៅ
ក្នុងប្រទេសដោយលើកយកទៅធ្វើនៅខែមីនាឆ្នាំក្រោយ។ការសម្រេចលើកពេលកិច្ចប្រជុំកំពូលលើកទី១៤នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬហៅកាត់ថាសមាគម
អាស៊ានគឺបានញ៉ាំងឲ្យមន្ត្រីជាន់ខ្ពស់ខ្លះនៃប្រទេសជាសមាជិកសម្តែងការខកចិត្តហើយស្នើឲ្យមានការរៀបចំកិច្ចប្រជុំឡើងវិញឲ្យបាន ឆាប់។នៅថ្ងៃពុធនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាគឺលោកខៀវកាញារីទ្ធបានថ្លែងជុំវិញការលើកពេលកិច្ចប្រជុំអាស៊ាននេះយ៉ាងដូច្នេះថា ៖«នេះធម្មតាយើងយល់ពីការលំបាករបស់រដ្ឋាភិបាលថៃហើយយើងសង្ឃឹមថាប្រទេសថៃនឹងដោះស្រាយបញ្ហាវិបត្តិនេះឲ្យបានឆាប់ កាលណាល្អកាលហ្នុង»។ចំណែកឯក្រសួងការបរទេសសិង្ហបុរីបានធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធនេះដែរថាយើងទទួលស្គាល់ថា កិច្ចប្រជុំនេះគួរលើកពេលក៏ប៉ុន្តែគេមិនត្រូវពន្យារពេលដោយមិនចាំបាច់រហូតដល់ខែមីនានោះឡើយ។រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោកGeorgeYeoបានថ្លែងបន្តថា
ខណៈដែលវិបត្តិហិរញ្ញវត្ថុពិភពលោកកំពុងប៉ះពាល់ប្រទេសនៅអាស៊ីទាំងអស់នោះដូច្នេះកិច្ចប្រជុំត្រូវរៀបចំឡើងវិញឲ្យបានឆាប់យ៉ាងហោចគឺធ្វើនៅក្នុងខែមករាហើយ
បើចាំបាច់កិច្ចប្រជុំនេះគួរធ្វើនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។រដ្ឋមន្ត្រីការបរទេសខ្មែរគឺលោកហោណាំហុងរួមទាំងរដ្ឋមន្ត្រីការបរទេសលាវនិងវៀតណាមនៅសប្តាហ៍មុនធ្លាប់លើក ឡើងរួមគ្នាឲ្យពន្យារកិច្ចប្រជុំនេះដោយសារតែវិបត្តិនយោបាយវឹកវរនៅប្រទេសថៃជាបន្តបន្ទាប់មកនោះ។សូមជម្រាបថាកិច្ចប្រជុំអាស៊ានលើកទី១៤នេះគឺគ្រោងធ្វើនៅឯឈៀងម៉ៃដែលជាខេត្តភាគ
ខាងជើងនៃប្រទេសថៃចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨នេះ។
No comments:
Post a Comment