Welcome.

Sunday, December 21, 2008

អ្នក​កាសែត​ម្នាក់​ដាក់​ពាក្យ​ប្ដឹង​អ្នក​រកស៊ី​ឈើ​ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត

អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់​ដែល​មាន​ទីស្នាក់ការ​នៅ​ខេត្ត​ក្រចេះ​បាន ​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ដើម្បី​ចោទ​ប្រកាន់​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ម្នាក់​ថា​បាន​ប៉ុនប៉ង​ធ្វើ​ ឃាត​ដោយ​ប្រើ​រថយន្ត​បុក​សម្លាប់ ប៉ុន្តែ​ក្រោយ​មក​ក៏​ដក​ពាក្យ​បណ្ដឹង​នោះ​វិញ។លោក តេង ស៊ីណាល់ ភ្នាក់ងារ​ព័ត៌មាន​រស្មី​ឦសាន​បាន​ផ្ដល់​សម្ភាសន៍​ផ្ទាល់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៨​យប់​ថ្ងៃ​ទី​១៦ ធ្នូ លោក​បាន​រួម​ដំណើរ​ជាមួយ​ភ្នាក់ងារ​ស៊ើបអង្កេត​របស់​អង្គភាព​អង្គរក្ស​ក៏​ ប្រទះ​ឃើញ​រថយន្ត​កាម៉ារី​មួយ​គ្រឿង​ផ្ទុក​ឈើ​ប្រណីត​ពេញ ហើយ​ភ្នាក់ងារ​ស៊ើបអង្កេត​ក៏​ហៅ​ឲ្យ​ឈប់​ដើម្បី​សាកសួរ​ព័ត៌មាន​ចង់​ដឹង​ពី​ ប្រភព។ ប៉ុន្តែ​បន្ទាប់ពី​ម្ចាស់​រថយន្ត​ទូរស័ព្ទ​ហៅ​ម្ចាស់​ឈើ​ឲ្យ​មក​ជួប ម្ចាស់​ឈើ​នោះ​បែរ​ជា​បើក​រថយន្ត​តម្រង់​ប្រុង​បុក​សម្លាប់​ពួក​លោក​ទាំង​ ពីរ​ទៅ​វិញ។លោក តេង ស៊ីណាល់ បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មោះ ផល្លា គេ​មិន​បាន​សួរ​នាំ​រឿង​អី​យើង​ទាំងអស់ គេ​បើក​ឡាន​ដេញ​បំបុក​ពួក​ខ្ញុំ​ដើម្បី​សម្លាប់ តែ​ខ្ញុំ​លោត​គេច រត់​ទាន់ ដោយ​រត់​ចោល​ឡាន​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ រួច​មក​បាន​ខ្ញុំ​ទូរស័ព្ទ​មក​អន្តរាគមន៍​ពី​ប៉ូលិស។ ពេល​ខ្ញុំ​ចេញ​មក​យក​ឡាន​ខ្ញុំ​វិញ ខ្ញុំ​មក​ប្ដឹង​សមត្ថកិច្ច​ដើម្បី​ជួយ​រក​យុត្តិធម៌​ឲ្យ»ភ្នាក់ងារ​ស៊ើបអង្កេត​គឺ​លោក សូរី បាន​ផ្ដល់​សម្ភាសន៍​ថា លោក​ត្រូវ​បាន​អង្គភាព​ផ្ដល់​បេសកកម្ម​ចុះ​មក​ស៊ើបអង្កេត​បទល្មើស​ជួញដូរ​ឈើ ​ខុស​ច្បាប់​នៅ​ខេត្ត​ក្រចេះ​ដើម្បី​ផ្ដល់​ព័ត៌មាន​ទៅ​ថ្នាក់​លើ ហើយ​លោក​ថា លោក​ក៏​ជា​ជន​ដែល​ត្រូវ​គេ​ប៉ង​បុក​សម្លាប់​ដែរ តែ​លោក​មិន​ប្ដឹង​ទេ។លោក សូរី បាន​មាន​ប្រសាសន៍​ថា ៖ «ផល្លា​ហ្នឹង គោលបំណង​ប្រុង​នឹង​បុក​ឈ្មោះ ណាល់ ខ្ញុំ​ហ្នឹង​តែម្ដង​ដើម្បី​សម្លាប់។ អ៊ីចឹង​ខ្ញុំ​នឹង​ឯកភាព​ធ្វើ​ជា​សាក្សី»។ម្ចាស់​ឈើ​គឺ​លោក ផល្លា បាន​បំភ្លឺ​នៅ​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១៧ ធ្នូ ថា ការចោទ​នេះ​ត្រឹមត្រូវ​ហើយ​ដោយ​យប់​នោះ​លោក​បើក​រថយន្ត​ច្រងេង​ច្រងាង​ បន្តិច​ដោយសារ​តែ​ភាព​ស្រវឹង។លោក ផល្លា បាន​បញ្ជាក់​ថា ៖ «អត់​មាន​ខឹង​គាត់​ទេ ប៉ុន្តែ​ស្រវឹង​ដែរ​យប់​មិញ ហើយ​ខ្ញុំ​បើក​ឡាន​ខឹង​កូន​ចៅ​ខ្ញុំ​ទេ។ ខ្ញុំ​ខុស​ត្រង់​ថា ខ្ញុំ​បើក​ឡាន​រាង​ខ្លាំង​បន្តិច ហើយ​ខ្ញុំ​សុំទោស​គាត់​ថា​កុំ​ខឹង​អី»។បន្ទាប់​ពី​ទទួល​ពាក្យ​សុំ​ទោស​ហើយ លោក តេង ស៊ីណាល់ បាន​អះអាង​ថា លោក​នឹង​បញ្ឈប់​ការប្ដឹង​ដោយ​ទុក​នាទី​នេះ​ឲ្យ​សមត្ថកិច្ច​ធ្វើការ។អធិការ​រង​ស្រុក​ក្រចេះ គឺ​លោក ម៉ែន ប៊ុនធឿន បាន​ជម្រាប​ថា លោក​បាន​ឃើញ​រថយន្ត​អ្នក​កាសែត​នោះ​ចត​នៅ​ចិញ្ចើម​ផ្លូវ​មែន តែ​អត់​មាន​ឃើញ​មនុស្ស​ទេ លុះ​ក្រោយ​មក​ក៏​មាន​ការអន្តរាគមន៍​ឲ្យ​ចេញ​មក ហើយ​លោក​ថា​ករណី​នេះ​នៅ​បន្ត​ស៊ើប​អង្កេត​ត​ទៅ​ទៀត។សូម​ជម្រាប​ថា បទល្មើស​ជូញដូរ​ឈើ​ខុស​ច្បាប់​តែងតែ​កើត​មាន​ជា​ញឹកញាប់​នៅ​ខេត្ត​ក្រចេះ ដូច​កាលពី​ថ្ងៃ​ទី​១៥ ធ្នូ សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​រថយន្ត​ដឹក​ឈើ​ប្រមាណ​ជាង​១០​ម៉ែត្រ​គូប ដែល​ទោះ​ជា​មាន​ការអន្តរាគមន៍​ពី​កង​រាជ​អាវុធហត្ថ​ខេត្ត​ក៏​សមត្ថកិច្ច​ ប៉ូលិស​មានៈ​នាំ​យក​រថយន្ត​នោះ​មក​កាន់​ស្នងការដ្ឋាន​ឲ្យ​ទាល់​តែ​បាន។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ដដែល​នោះ​មិន​ដឹង​ជា​មាន​អន្តរាគមន៍​ពី​ខាង​ណា​ទេ រថយន្ត​នោះ​ក៏​បើក​ចេញ​នៅ​វេលា​ម៉ោង​រំលង​អធ្រាត្រ ហើយ​ក៏​ត្រូវ​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ចាម​ស្ទាក់​ចាប់​នៅ​ស្រុក ​មេមត់​ទៀត កាលពី​ថ្ងៃ​ទី​១៦ ធ្នូ៕

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here

Blog Archive