Welcome.

Tuesday, January 13, 2009

ស្ថានភាពវិស័យកាត់ដេរនៅកម្ពុជានៅចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក


តាមដងផ្លូវវេងស្រេង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួនរោងចក្រកាត់ដេរនៅទីនោះច្រើនរាប់មិនអស់។សព្វ ដង គេមិនអាចធ្វើដំណើរតាមផ្លូវនោះងាយស្រួលឡើយ នៅក្នុងម៉ោងកម្មករចេញពីធ្វើការ។ ប៉ុន្តែបច្ចុប្បន្នបានប្រែជាមិនសូវអ៊ូអរប៉ុន្មានឡើយ។ ពេលសាកសួរទៅយុវជនសម្រាកក្នុងផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ឈ្មោះ ទឹម សារី ឲ្យដឹងថា គេធ្វើការនៅរោងចក្រកាត់ដេរ ស៊ីញយាន។ គាត់ថា បច្ចុប្បន្ន ថៅកែផ្អាកការងារកម្មករខ្លះ ១០ថ្ងៃ ទៅដល់ ១៥ថ្ងៃ ចាប់ពីចុងឆ្នាំ២០០៨ និងដើមឆ្នាំ២០០៩នេះមក។ការផ្អាកនេះ ទឹម សារី អះអាងដូច្នេះ ៖ «មក ពីក្រុមហ៊ុនអត់មានការងារធ្វើ អត់មានក្រណាត់នាំចូលទាន់ ហើយរកម៉ូយអត់បានអីមិនដឹង។ វាទូទៅហើយ ច្រើនរោងចក្រ អត់មានការងារធ្វើ ច្រើនចេញម៉ោង ៤ អត់ដូចខែមុនៗទេ ខែមុនៗគេចេញម៉ោង ៦ ម៉ោង ៨ ឥឡូវអត់»។ចំណែកកម្មការិនីឈ្មោះ ដា មកពីឃុំពានរោង ស្រុកព្រៃវែង ខេត្តព្រៃវែង ឲ្យដឹងថា ថៅកែឲ្យគាត់សម្រាកដេរ ១០ថ្ងៃហើយ។ គាត់ថា នៅថ្ងៃដែលថៅកែឲ្យធ្វើការ គឺចូលពីម៉ោង៧ ហើយចេញម៉ោង៤ល្ងាច។ ហើយក្រុមផ្សេងទៀត បានបន្តធ្វើការងារកាត់ដេរនោះ។ ដោយគ្រប់ៗគ្នាមិនអាចធ្វើការថែមម៉ោងពេលយប់បានឡើយ ឯប្រាក់ខែ ត្រូវកាត់ពាក់កណ្តាល ដោយការងារធ្វើមិនពេញម៉ោងផង និងមិនបានថែមម៉ោងផង ៖ «ប្រាក់ខែកាន់តែថោក គេមិនគិតឲ្យយើង»។មេក្រុមកម្មករកាត់ដេរ រោងចក្រ មីង អ៊ីញ អ្នកស្រី ម៉ៅ ចិន្តា អះអាងថា កម្មករគ្រប់រោងចក្រផ្អាកការងារ ឬប្តូរម៉ោងគ្នាធ្វើការ និងគ្មានប្រាក់ថែមម៉ោង ដោយថៅកែចង់រក្សាចំនួនកម្មករឲ្យនៅដដែល ហើយចែកគ្នាឲ្យមានការងារធ្វើ និងមានប្រាក់ចាយវាយខ្លះផង ៖ «ពី មុនថែមម៉ោង ដូចថា សម្បូរការងារធ្វើ ឥឡូវអត់សូវមានអីធ្វើផង។ ប្រាក់ខែកាត់បន្ថយ អត់មានអីធ្វើ សម្រាកអ៊ីចឹងទៅ ស៊ី ៥០%។ ខ្លះបាន ៤០ជាង ប្រាក់ខែតិចបាន ៣០ ហើយអ្នកប្រាក់ខែ ៣៨អី បាន ៣០»។ប្រធានសមាគមរោងចក្រកាត់ដេរ លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ថា វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោក បានជះឥទ្ធិពលខ្លាំងដល់វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា។លោកអះអាងថា ៖ «ធម្មតាយើងមួយឆ្នាំៗ យកខោអាវចេញទៅក្រៅបានឡើង ១៥% ឆ្នាំហ្នឹង ២០០៨ យើងចុះប្រហែល ២-៣%។ យើងមានរោងចក្រប្រមាណ ៥០-៦០បិទ ហើយកម្មករប្រហែល ១-២ម៉ឺននាក់ អត់ការងារធ្វើ។ ឆ្នាំហ្នឹង ២០០៩ នឹងពាក់ព័ន្ធច្រើនជាងទៀត បានថាអ៊ីចឹង ប្រហែលរោងចក្រ ១០-២០ ប្រហែលបិទទៀត កម្មករប្រហែលជាង១ម៉ឺននាក់ បាត់ការងារធ្វើដែរ។ ដល់អ៊ីចឹង ឆ្នាំហ្នឹងពិបាកមែនទែន មិនមែនថា គេអត់ទិញទេ គេទិញ ប៉ុន្តែគេអត់លុយបង់ឲ្យរោងចក្រ គេត្រូវលក់រួចហើយ បានគេទទួលលុយ បានគេបង់សងរោងចក្រវិញ។ ខាងរោងចក្រទៅខ្ចីលុយនៅធនាគារធ្វើនៅនេះ ផ្ញើទៅឲ្យអ្នកទិញនៅស្រុកក្រៅ ចាំគេលក់អស់ហើយ ទើបបានលុយមក។ ដល់អ៊ីចឹងតម្លៃរបស់រោងចក្រកាន់តែធំ»។លោក វ៉ាន់ ស៊ូអៀង អំពាវនាវសុំឲ្យកម្មករនិងថៅកែរោងចក្រកាត់ដេរ សហការគ្នាធ្វើការឡើងវិញក្នុងការជួយទប់ស្កាត់វិបត្តិគ្មានការងារ ធ្វើ និងពង្រឹងសេដ្ឋកិច្ចក្នុងស្រុកដែលទទួលរងនូវផលប៉ះពាល់ពីវិបត្តិ ហិរញ្ញវត្ថុពិភពលោកនេះ បើទោះបីមានការផ្អាកការងារខ្លះពីថៅកែក៏ដោយ ត្រូវរង់ចាំកាលៈទេសៈ កុំបោះបង់ការងារចោល។

No comments:

Welcome to visit my bloggers!

Don Bosco Technical School Social communication Section. Welcome to visit ours bloggers and hope you will visit again!and also do not forget visit my friends bloggers that show down.
Search here