
ប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយកាត់ចិននៅទូទាំងកម្ពុជានាំគ្នាប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំតាមប្រពៃណីទំនៀមទម្លាប់ចិន ដោយបានផ្ដើមចាប់តាំងពីថ្ងៃទី២៦មករានេះរហូតដល់ថ្ងៃទី២៨មករាឆ្នាំ២០០៩នេះ។ដោយឡែកនៅទីក្រុងភ្នំពេញនៅថ្ងៃដំបូងនៃពិធីចូល ឆ្នាំចិនដែលមានរយៈពេល៣ថ្ងៃនេះគេសង្កេតឃើញមិនសូវមានមនុស្សម្នាដើរលេងកម្សាន្តអ៊ូអរអ្វីឡើយពីព្រោះនៅថ្ងៃចូលឆ្នាំដំបូងនេះ
គេចាត់ទុកថាជាថ្ងៃតមមិនចេញក្រៅផ្ទះឡើយតែបើគេដើរគឺគ្រាន់តែទៅកាន់ព្រះវិហារចិនឬទៅកន្លែងអ្នកតាដើម្បីបន់ស្រន់សុំពរពីព្រះឬអ្នក
តាឲ្យបានសេចក្តីសុខចម្រើននៅក្នុងឆ្នាំថ្មីនេះ។ដោយមានទំនៀមទម្លាប់បែបនេះទើបនៅតាមព្រះវិហារចិននីមួយៗឬកន្លែងអ្នកតាគេឃើញ
មនុស្សប្រុសស្រីជាច្រើនបាននាំគ្នាទៅកាន់ទីនោះដោយនាំយកគ្រឿងសក្ការៈផ្សេងៗដូចជាផ្កាទៀនធូបជាដើមហើយអ្នកខ្លះទៀតទិញដើមអំពៅខ្មៅយកទៅថ្វាយអ្នកតា ពីព្រោះគេយល់ថាអ្នកតានិងផ្តល់លាបជ័យសិរីសួស្ដីឲ្យគេរកស៊ីមានបាននៅក្នុងឆ្នាំថ្មីនេះ។ក្រៅពីធ្វើការបន់ស្រន់បែបនេះគេឃើញមានប្រជាពលរដ្ឋខ្មែរកាត់ចិនខ្លះទៀតបានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃនៅឯវត្តអារាមផងដែរពីព្រោះគេយល់ថាបើសែនព្រេនដូនតាកុងម៉ាតែម្យ៉ាងនោះគឺហាក់មិនអស់ចិត្តឡើយ។ស្រ្តីខ្មែរកាត់ចិនមួយរូបឈ្មោះ ប៉ែនហ៊ួនដែលកំពុងតែយួរចានស្រាក់ដើរចេញពីវត្តមួយនៅទីក្រុងភ្នំពេញបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះ៖«ទៅហ្នឹងជូនដល់ដូនតាយើងដែលបានចែកឋានទៅ មិនមែនគ្រាន់តែសែនទេរាល់ឆ្នាំទៅវត្តអ៊ីចឹងរហូត»។នៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិននេះដែរដែលក្រៅពីឃើញមានអ្នកទៅវត្ដអារាមឬទៅព្រះវិហារដើម្បីបន់ស្រន់នោះ គេក៏ឃើញមានការធ្វើពិធីលេងម៉ុងសាយនៅតាមផ្ទះអ្នកដែលមានធនធានឬតាមគ្រិះស្ថានសិក្សាឯកជន។ការឡកម៉ុងសាយនេះបើតាមការឲ្យដឹងពីប្រជាជនចិនថា គឺដើម្បីលើកជោគជតារាសីរបស់គេនៅក្នុងឆ្នាំថ្មី។គួរជម្រាបជូនដែរថានៅក្នុងពិធីចូលឆ្នាំចិននេះគេឃើញសិស្សានុសិស្សភាគច្រើនបានឈប់សម្រាកទាំងនៅសាលារៀនឯកជននិង សាលារដ្ឋ។ប្រធានមន្ទីរអប់រំយុវជននិងកីឡាក្រុងភ្នំពេញលោកអ៊ំហឿងបានប្រាប់ឲ្យដឹងដែរថាតាមពិតទៅសាលារៀនរដ្ឋគឺគ្មានច្បាប់អនុញ្ញាតឲ្យសិស្សឈប់រៀនក្នុងឱកាសចូលឆ្នាំចិននោះទេ
ក៏ប៉ុន្តែមិនដឹងធ្វើដូចម្ដេចបើសិស្សបានឈប់ដោយខ្លួនឯងពីព្រោះគេត្រូវទៅចូលរួមធ្វើបុណ្យចូលឆ្នាំថ្មីជាមួយក្រុមគ្រួសារ៖«គ្រូនៅពេញសាលាហ្នឹងអត់មានឲ្យឈប់ទេតែវាឈប់។យ៉ាងយូរ៣ថ្ងៃអស់ហើយ»។
លោកបានឲ្យដឹងទៀតដែរថាសិស្សប្រមាណ៥០%ភាគរយបានឈប់រៀនក្នុងពេលចូលឆ្នាំចិននេះហើយក្នុងនោះគឺសិស្សសាលាកម្រិតមធ្យមសិក្សាបានឈប់ច្រើនជាងគេ៕
No comments:
Post a Comment