
ក្រុម ប្រជាពលរដ្ឋជាង៣០០នាក់មកពីឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្តធ្វើការតវ៉ានៅមុខសាលាដំបូងរហូតមកដល់ថ្ងៃច័ន្ទ ទី១៩ ខែមករា ចំនួន៦ថ្ងៃហើយ ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងប្រជាពលរដ្ឋ២នាក់និងអ្នកកាសែត ម្នាក់ចេញពីពន្ធនាគារនិងទទូចឲ្យអាជ្ញាធរស្រុកខេត្តធ្វើការ ដោះស្រាយទំនាស់ដីស្រែប្រាំងនៅតំបន់ទំនប់សួងជាង៩០ហិកតារប្រគល់ មកឲ្យពួកគេវិញ។
កាលពីព្រឹកថ្ងៃច័ន្ទ ក្រុមប្រជាពលរដ្ឋរាប់រយនាក់បានធ្វើពិធីដាក់បណ្តាសាទាំងព្រលឹម ដោយមានសំណែនផ្លែចេក ក្បាលជ្រូក និងបាចអង្ករ ហើយបន្ទាប់មកក្រុមប្រជាពលរដ្ឋបាននាំគ្នាដុតកង់ឡាននិងសម្រុកចូល ទៅស្រែកតវ៉ានៅខាងក្រៅមាត់ទ្វាររបងតុលាការ។
ក្រុមប្រជាពលរដ្ឋនៅតែស្រែកទាមទារឲ្យតុលាការដោះលែងមនុស្ស៣នាក់ បាននៅក្រៅឃុំនិងចង់បានយុត្តិធម៌មួយក្នុងរឿងទំនាស់ដីស្រែ ប្រាំងដែលពួកគេអះអាងថា ពួកឈ្មួញបានរំលោភយកដោយមានមន្ត្រីស្រុកជីក្រែងនៅពីក្រោយខ្នង ៖ «សូមទាមទារដោយដាច់ខាតឲ្យតុលាការដោះលែងជនជាប់ចោទទាំងបីដែល គ្មានកំហុសឲ្យមានសេរីភាពឡើងវិញ។ ចំពោះដំណោះស្រាយដីធ្លីសូមឲ្យរំលាយនូវអាងទឹកសាធារណៈឲ្យដូចដើម វិញ ដែលលោក កៅ សោភណ និងបក្សពួក ព្រមទាំងពួកឈ្មួញរំលោភពីប្រជាពលរដ្ឋជួយផ្ដល់នូវភាពយុត្តិធម៌ដល់ យើងខ្ញុំជាប្រជាពលរដ្ឋទាំងអស់គ្នា»។
កម្លាំងប៉ូលិសនិង ប៉េអឹមជាច្រើនបានបញ្ជូនមករាយបណ្តាក់ដើម្បីការពារនៅមុខទ្វារ តុលាការរារាំងការតវ៉ារបស់ប្រជាពលរដ្ឋកុំឲ្យមានការសម្រុកចូលទៅខាង ក្នុងបាន។
គ្មានមន្ត្រីតុលាការណាម្នាក់បានមកធ្វើការទេពេញមួយថ្ងៃច័ន្ទ ដោយតុលាការបានបង្ខំចិត្តបិទទ្វារមិនឲ្យមានអ្នកចេញចូល ហើយមិនអាចទំនាក់ទំនងសុំការអធិប្បាយអំពីការដែលនៅតែបន្តតវ៉ារបស់ អ្នកភូមិទាំងនោះបានទេ។
ក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍ ទី១៧ មករា ចៅក្រមស៊ើបអង្កេតរបស់តុលាការខេត្តសៀមរាបដែលទទួលបន្ទុករឿងក្តី នេះ លោក ងួន ណារ៉ា បានមានប្រសាសន៍ថា តុលាការមិនអាចបំពេញតាមការទាមទារនោះបានទេ ពីព្រោះតុលាការបានចេញសេចក្ដីសម្រេចឃុំខ្លួនអ្នកទាំងបីតាំងពី មុនអ្នកភូមិមកតវ៉ា ហើយអ្វីដែលតុលាការអាចធ្វើបានមានតែបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ ឲ្យបានឆាប់រហ័សប៉ុណ្ណោះ។
No comments:
Post a Comment